កាលណាមានស្រ្តីកាន់តែច្រើនចូលរួម តើគេអាចជួយដូចម្តេចខ្លះដើម្បីជំរុញការផ្លាស់ប្តូរទៅរកឧស្សាហកម្មបៃតង?
វីយែន ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ – ឧស្សាហកម្មផលិតកម្ម កន្លងមក បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែការធ្វើអាជីវកម្មលើធនធានធម្មជាតិខ្លាំងពេកដើម្បីបម្រើការផលិតរបស់ឧស្សាហកម្ម បានបណ្តាលឱ្យវិសមភាពនិងភាពងាយរងគ្រោះដែលមានស្រាប់នៅក្នុងសង្គម កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន។ ប្រសិនបើមានការគ្រោងទុកដោយប្រុងប្រយ័ត្ន ការផ្លាស់ប្តូរឆ្ពោះទៅរកឧស្សាហកម្មបៃតង អាចលើកស្ទួយអនាគតមួយដែលគាំទ្រចីរភាពបរិស្ថាននិងសមភាពយេនឌ័រ តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់កំណើនសេដ្ឋកិច្ចទៅលើការប្រើប្រាស់ធនធាន និងសម្រួលការផ្លាស់ប្រែទ្រងទ្រង់សង្គមនយោបាយជាលក្ខណៈប្រព័ន្ធ ដែលចាំបាច់សម្រាប់ដោះស្រាយវិសមភាពសង្គម។ នៅក្នុងដំណើរការនេះ ការបង្រួញគម្លាតយេនឌ័រនៅក្នុងវិស័យការងារ គឺជាគន្លឹះក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ មានតឹកតាងច្រើនបានបង្ហាញរួចមកហើយថា ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានផលិតភាពនិងពិពិធភាព។ សន្ទស្សន៍ស្ត្រីក្នុងការងារឆ្នាំ ២០២១ ប៉ាន់ស្មានថា បណ្តាប្រទេសសមាជិកនៃអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) អាចពង្រីក ផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ៦ទ្រីលានដុល្លារអាមេរិកថែមទៀត ប្រសិនបើពួកគេអាចបង្កើនការងាររបស់ស្ត្រីឱ្យដល់អត្រាមួយស្មើនិងអត្រាការងាររបស់ស្រ្តីក្នុងប្រទេសស៊ុយអែត។ ម៉្យាងវិញទៀត គម្លាតយេនឌ័រនៅក្នុងភាពជាសហគ្រិន បណ្តាលឱ្យបាត់បង់ប្រាក់ចំណូលជាមធ្យម ៦% នៅក្នុងបណ្តាប្រទេសសមាជិកអង្គការ OECD ហើយការខាតបង់នេះមានកាន់តែច្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
កន្លងទៅថ្មីៗនេះ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានចេញផ្សាយរបាយការណ៍វាយតម្លៃគោលនយោបាយមួយ ដែលគ្របដណ្តប់លើប្រទេសចំនួន ៤ គឺប្រទេសកម្ពុជា, ប៉េរូ, សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង។ របាយការណ៍នេះជាផ្នែកមួយនៃកម្មវិធីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងឧស្សាហកម្មបៃតង ដែលទទួលបានការគាំទ្រមូលនិធិពីប្រទេសអាឡឺម៉ង់។ លទ្ធផលរកឃើញតាមរយៈរបាយការណ៍នេះ អាចជួយអ្នកធ្វើគោលនយោបាយ និងអ្នកអនុវត្តន៍នានា ក្នុងការបង្កើតនិងអនុវត្តក្របខ័ណ្ឌគោលនយោបាយមួយដែលបញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយឧស្សាហកម្មបៃតង និងទាញយកប្រយោជន៍ពីសក្តានុពលដែលស្ត្រីមិនទាន់បានបញ្ចេញអស់ពេញទំហឹង ក្នុងនាមជាអ្នកដឹកនាំ, សហគ្រិន និងអ្នកជំនាញឧស្សាហកម្មនៅក្នុងសេដ្ឋកិច្ចបៃតង។
ការឆ្លុះបញ្ចាំងអំពីឧបសគ្គដល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
កម្មវិធីនេះបានឱ្យនិយមន័យនៃការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីថា ជាការផ្គុំចូលគ្នានូវសមត្ថភាពរបស់ស្ត្រីដើម្បីសម្រេចបាន និង ទទួលបានវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចនិងអំណាច ក្នុងការធ្វើសេចក្តីសម្រេចផ្នែកសេដ្ឋកិច្ចនិងធ្វើសកម្មភាពតាមសេចក្តីសម្រេចនោះ។ ដើម្បីសម្រេចបាន និងមានវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច ស្ត្រីចាំបាច់ត្រូវមានជំនាញនិងធនធានសម្រាប់ប្រកួតប្រជែងនៅក្នុងទីផ្សារ ក៏ដូចជាក្នុងការមានលទ្ធភាពស្មើភាពគ្នាក្នុងការទទួលបានសេវាពីស្ថាប័នសេដ្ឋកិច្ចនានា។ ដើម្បីឱ្យមានអំណាចនិងសម្បទាសម្រាប់ទទួលអត្ថប្រយោជន៍ពីសកម្មភាពសេដ្ឋកិច្ច ស្ត្រីត្រូវមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចនិងធ្វើចំណាត់ការលើការសម្រេចនោះ ព្រមទាំងលទ្ធភាព គ្រប់គ្រងធនធាននិងប្រាក់ចំណេញ ផងដែរ។
ផ្អែកលើការស្រាវជ្រាវដែលធ្វើឡើងនៅដើមឆ្នាំ ២០២០ របាយការណ៍របស់អង្គការ UNIDO បានរកឃើញថា គោលនយោបាយឧស្សាហកម្មបៃតងច្រើនតែមិនបានរំលេចវិធានការសមភាពយេនឌ័រជាក់លាក់នៅក្នុងនោះទេ។ ទោះបីគោលនយោបាយជាច្រើនមានផែនការអនុវត្តល្អក៏ដោយ ក៏នៅមានទិដ្ឋភាពច្រើនទៀតដែលត្រូវយកចិត្តទុកដាក់លើដើម្បីធ្វើឱ្យវាឆ្លើយតបយេនឌ័របានកាន់តែសកម្មថែមទៀត។
ទិន្នន័យបែបគុណភាពនិងបរិមាណបានបង្ហាញថា នៅក្នុងប្រទេសទាំងបួន ភ័ស្តុតាងពាក់ព័ន្ធការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីនៅក្នុងឧស្សាហកម្មបៃតង មានតិចតួចណាស់។ សហគ្រិនស្ត្រីដែលត្រូវបានសម្ភាសនៅក្នុងប្រទេសនីមួយៗ បានលើកឡើងពីឧបសគ្គស្រដៀងគ្នាក្នុងការចាប់ផ្តើមអាជីវកម្មបៃតង ក្នុងនោះមាន កង្វះលទ្ធភាពទទួលបានមូលនិធិនិងសេវាកម្មហិរញ្ញវត្ថុ, កង្វះលទ្ធភាពទទួលបានបច្ចេកវិទ្យា, ការគ្មានព័ត៌មាននិងធនធានគ្រប់គ្រាន់អំពីរបៀបចាប់ផ្តើមអាជីវកម្ម និងកង្វះការលើកទឹកចិត្តសម្រាប់អាជីវកម្មដែលកំពុងដំណើរការនៅក្នុងឧស្សាហកម្មបៃតង។
យ៉ាងណាក៏ដោយ ការស្រាវជ្រាវបានរកឃើញថាស្ត្រីមានចំណាប់អារម្មណ៍ខ្លាំងចំពោះឱកាសធ្វើជាសហគ្រិននៅក្នុងឧស្សាហកម្មបៃតង ជាងឧស្សាហកម្មបែបប្រពៃណី ដោយសារតែការយល់ឃើញមុតមាំថាមានឱកាសកាន់តែច្រើនសម្រាប់ស្ត្រីដើម្បីស្វែងរកវឌ្ឍនភាពសម្រាប់ខ្លួន នៅក្នុងឧស្សាហកម្មបៃតង។
របាយការណ៍ផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើនសម្រាប់អ្នកពាក់ព័ន្ធ រួមមាន ការលើកកម្ពស់ការយល់ដឹងអំពីឱកាសសម្រាប់ស្ត្រីក្នុងឧស្សាហកម្មបៃតង; ការបង្កើនលទ្ធភាពទទួលបានការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស (TVET), ការវិនិយោគលើគំនិតផ្តួចផ្តើមបណ្តុះបណ្តាលនិងកសាងសមត្ថភាពសម្រាប់ស្ត្រី ដែលជាអ្នកជំនាញក្នុងឧស្សាហកម្មបៃតង និងការលើកកម្ពស់សហគ្រិនស្ត្រីដែលមានជោគជ័យក្នុងឧស្សាហកម្មបៃតងធ្វើជា គំរូ។
ផ្អែកលើការស្ទង់មតិលើសហគ្រិនស្ត្រីជាង ១០០ នាក់នៅក្នុងឧស្សាហកម្មបៃតង និងឧស្សាហកម្មបែបប្រពៃណី នៅក្នុងប្រទេសចំនួន ៤ ខាងក្រោមនេះជាយុទ្ធសាស្ត្រសំខាន់បំផុតទាំង ៥ ដែលប្រទេសនីមួយៗគួរផ្តល់អាទិភាពលើ។
អង្គការ UNIDO យល់ឃើញថា ការរួមបញ្ចូលយេនឌ័រនៅក្នុងកម្មវិធីនិងគោលនយោបាយនានា នឹងជួយប្រទេសទាំងបួនឱ្យឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់ខ្លួនបាន។ លើសពីនេះទៀត នៅក្នុងបរិបទនៃវិបត្ដិកូវីដ១៩នាពេលបច្ចុប្បន្ននេះ ការបញ្ជ្រាបយេនឌ័រត្រូវតែជាអាទិភាពនៅក្នុងគ្រប់វិស័យមិនត្រឹមតែដើម្បីជួយដល់សហគ្រិនស្ត្រីក្នុងចាប់ផ្តើមអាជីវកម្មបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្នុងបង្កើតធនធានមនុស្សចាំបាច់សម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព ផងដែរ។
របាយការណ៍វាយតម្លៃទាំងនេះ និង សេចក្តីសង្ខេបសម្រាប់ប្រទេសនីមួយៗ - កម្ពុជា, ប៉េរូ, សេណេហ្កាល់ និង អាហ្វ្រ៊ិកខាងត្បូង - មានជាភាសាអង់គ្លេស, បារាំង, អេស្បាញ និងខ្មែរ ហើយអាចដោនឡូតយកបានតាមលីងនៅខាងក្រោម។
ប្រទេសកម្ពុជា៖ របាយការណ៍ជាភាសាអង់គ្លេស របាយការណ៍ជាភាសាខ្មែរ របាយការណ៍សង្ខេបជាភាសាអង់គ្លេសរបាយការណ៍សង្ខេបជាភាសាខ្មែរ,
ប្រទេសប៉េរូ៖ របាយការណ៍ជាភាសាអង់គ្លេស របាយការណ៍ជាភាសាអេស្បាញ របាយការណ៍សង្ខេបជាភាសាអង់គ្លេស របាយការណ៍សង្ខេបជាភាសាអេស្បាញ
ប្រទេសសេណេហ្កាល់៖ របាយការណ៍ជាភាសាអង់គ្លេស របាយការណ៍ជាភាសាបារាំង របាយការណ៍សង្ខេបជាភាសាអង់គ្លេស របាយការណ៍សង្ខេបជាភាសាបារាំង
ប្រទេសអាហ្រ្វ៊ិកខាងត្បូង៖របាយការណ៍ របាយការណ៍សង្ខេប
ជំហានបន្ទាប់ទៀតនៃកម្មវិធីនេះនឹងបន្តធ្វើដោយផ្អែកលើលទ្ធផលនៃដំណាក់កាលទីមួយ ដោយផ្តោតជាសំខាន់លើការរៀបចំបង្កើតគោលនយោបាយ និងការបង្កើតឱកាសសម្រាប់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនៅក្នុងឧស្សាហកម្មបៃតង។
សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនៅក្នុងឧស្សាហកម្មបៃតង សូមទាក់ទង៖
Ozunimi Iti, UNIDO
Email: O.ITI@unido.org